Poll

gSnnWmatI

mfSfrPdjgWh
BbZyayFeiRxAnosQiuL
aXTVeMGGLkqQxdT
VUNWDJjwbxnj
PWFoSlCAVP

Author Topic: February article by Dr. Lao Mong Hay on ព្រះមហាវីរក្សត្រនរោត្តម សីហនុ  (Read 2396 times)

cancambodia

  • Administrator
  • Newbie
  • *****
  • Posts: 22
  • Karma: +1/-0
  • CAN
    • Cambodia Academic Network បណ្តាញបញ្ញវន្តខ្មែរ
ព្រះមហាវីរក្សត្រនរោត្តម សីហនុ ជាស្ថាបនិក និងតួអង្គអវតារនៃប្រជាជាតិខ្មែរ(1)
Le Roi-Père : le bâtisseur et l’incarnation d’une nation(2)
ដោយ​បណ្ឌិត​ ឡៅ ម៉ុងហៃ

   ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្រោយបានឯករាជ្យ​ពីប្រទេសបារាំងមក​ជាប្រវត្តិសាស្ត្រ​ពោរ​ពេញ​ទៅដោយសោកនាថកម្មជាច្រើន។ សោកនាដកម្មទាំងឡាយនេះធ្វើឲ្យប្រវត្តិសាស្ត្រ​នេះមាន​លក្ខណៈ​ដូចជា​រឿងល្ខោនសាកនាដកម្មក្រិក​របស់អ្នកកវីនិពន្ធ អេសហ្ស៊ីល [Eschyle], អ្នកកវីនិពន្ធ អឺរីពីឌ [Euripide] និង​អ្នកកវី​និពន្ធ សុកហ្វុកក្ល៍(3) [Sophocle] នៅប៉ុន្មានសតវត្សមុនព្រះយ៉េស៊ូគ្រិស្ត។ តែ​សោក​នាដកម្មខ្មែរខុសពី​សោកនាដកម្ម​ក្រិក​ទាំងនោះ ដោយសារសោកនាដកម្មខ្មែរជាប្រវត្តិ​សាស្ត្រ​ពិតៗ ខណៈ​ដែល​​សោកនាដកម្ម​ក្រិក​​ជារឿងព្រេង(4) ។ ក៏ដូចជារឿងល្ខោនសោកនាដកម្មក្រិក​ទាំង​នោះដែរ សោកនាដកម្មខ្មែរក៏មាន​តួអង្គ​របស់វាដែរ ហើយតួអង្គខ្លះក៏បានចូលមរណភាពទៅហើយ តួអង្គខ្លះក៏​នៅរស់ ឬក៏ត្រូវជាប់ចោទនៅមុខ​​តុលាការ។

ព្រះមហារីវក្សត្រនរោត្តម សីហនុ ដែលជាតួឯកធំជាងគេ ទើប​បានចូលទិវង្គតនៅ ថ្ងៃទី១៥  ខែ​តុលា ឆ្នាំ​២០១២​។​ ដូចជាអ្នកច្រៀងជាពួកនិយាយរៀបរាប់រឿងដោយក្រៀមក្រំបន្ថែមទៅលើ​ការ​សា​​សង​រវាង​តួអង្គទាំងឡាយ​ក្នុងរឿងល្ខោន​សោកនាដកម្មក្រិក​ដែរ ប្រជារាស្ត្រខ្មែរក៏ពោលរៀបរាប់​ដោយ​ក្រៀមក្រំ​ដែរនូវការចូលទិវង្គត​របស់​ព្រះអង្គ និងចូលរួមកាន់ព្រះ​មរណទុក្ខ​នេះ។ បើប្រជារាស្ត្រ​រំឭកនូវ​យសសក្តិរុងរឿងរបស់ប្រទេសរបស់គេនៅសម័យអង្គរ ហើយបានកត់ត្រាឲ្យចងចាំរហូត​នៅ​ក្នុង​បទ​នគររាជរបស់ពួកគេ នៅពេលនេះប្រជារាស្ត្រនេះក៏បាន​រំឭកនូវស្នាព្រហស្ដ​របស់ព្រះអង្គ, ការ​ចម្រុង​ចម្រើន និងជីវិតរស់នៅដ៏សប្បាយ​រីករាយ​ក្រោមការដឹកនាំរបស់ព្រះអង្គនៅក្នុងទសវត្សរ៍ ១៩៥០ និង ទសវត្សរ៍ ១៩៦០។ ពួកគេក៏កាន់តែកើតទុក្ខ និងសោកស្តាយចំពោះ​ការបាត់បង់​ព្រះមហាវីរក្សត្រ​របស់​ពួកគេ​កាន់តែខ្លាំងថែមទៀតនៅពេលដែលគេនឹកឃើញយុគសម័យរបស់ព្រះ​អង្គនោះ។
   
អត្ថបទនេះគឺគ្រាន់តែផ្នែកមួយនៃចម្រៀងជាពួកដែលរៀបរាប់អំពីតួអង្គប្រវត្តិសាស្ត្រធំជាងគេនេះ ដោយអ្នក​ចម្រៀង​ជាពួកម្នាក់ដែលបានរស់ពីតូចដល់ធំនៅក្នុងរជ្ជកាលរបស់ព្រះអង្គ និងរស់រាន​ជា​មួយនឹង​រជ្ជកាលនេះ ហើយដែលបានទទួលការអនុញ្ញាតឲ្យជួបគាល់ព្រះអង្គដោយ​ផ្ទាល់ព្រះភ័ក្ត្រ​ទៀត​ផង ។

ក្រោយការបាក់បែកអង្គរមក ប្រទេសកម្ពុជាបានរស់នៅក្នុងតំបន់មួយដែលមានជម្លោះរវាង​ប្រទេស​នឹងប្រទេសជាច្រើន ហើយជម្លោះទាំងនោះបានប៉ះពាល់ដល់​ប្រទេសនេះ ទាំងពីខាងក្រៅ ទាំង​ពីខាងក្នុង។ ជម្លោះទាំងនេះគឺ៖
   ១. ការប្រកួតប្រជែងគ្នារវាងប្រទេសជិតខាងរបស់ប្រទេសកម្ពុជា
   ២. ការប្រកួតប្រជែងគ្នារវាងលោកសេរី និងលោកកុម្មុយនីស្តនៅក្នុងទ្វីបអាស៊ី
   ៣. សង្រ្គាមនៅក្នុងប្រទេសវៀតណាម

ព្រះបាទនរោត្តម​សីហនុបានឡើងគ្រងរាជ្យនៅឆ្នាំ១៩៤១ នៅពេលដែលប្រទេសជ​ប៉ុន​កំពុង​តែ​កាន់កាប់តំបន់​អាស៊ីបូព៌ា។ នៅពេលនោះជនជាតិអាស៊ីទាំងឡាយក៏បានចាប់ផ្តើមតស៊ូ​ដើម្បី​ឲ្យ​ប្រទេស​ខ្លួនបានឯករាជ្យ។ នៅប្រទេសកម្ពុជាព្រះបាទនរោត្តមសីហនុបានចេញ​​ព្រះភ័ក្ត្រ​ទាមទារ​ឯករាជ្យពី​ប្រទេស​បារាំង ហើយបាន​ទទួល​​ជោគជ័យនៅឆ្នាំ១៩៥៣។  ក្រោយដែលបារាំងចាកចេញ​ទៅ​ប្រទេស​កម្ពុជាមិនបានវិលទៅរកសភាពដើមរបស់ខ្លួនវិញមុនអាណានិគមបារាំង ដែលជា​ស្ថាន​ភាពរស់នៅ​ក្រោមអធិបតេយ្យភាព​រួមគ្នារបស់សៀម និងអណ្ណាម (វៀតណាម) នោះឡើយ។ គឺជា​លើក​ទីមួយ​ក្រោយ​អំឡុងពេលជាច្រើនសតវត្សរ៍(5) ដែលប្រទេសកម្ពុជាបានទៅជាប្រទេសឯករាជ្យ​ពេញ​លេញ​ក្នុងរង្វង់ទឹកដីទំាង​ប៉ុន្មានដែលប្រទេសបារាំងអាចរក្សាទុកបានសម្រាប់ខ្លួន។

នេះជាជោគជ័យឥតប្រៀបផ្ទឹមបាន ដែលបានធ្វើឲ្យព្រះ​អង្គទទួលបាននូវព្រះ​កិត្តិនាម​ដែល​ព្រះមហាក្សត្រនានាក្រោយសម័យអង្គរមិនដែលបានទទួល។ ប្រជាជាតិខ្មែរបានថ្វាយ​ព្រះអង្គនូវ​ ព្រះបរមងារជា ព្រះបិតាឯករាជ្យជាតិ ។

នៅឆ្នាំ១៩៥៥ ព្រះអង្គបានដាក់រាជ្យ ហើយបានបង្កើតចលនាសង្គមរាស្ត្រនិយម ដើម្បី​ប្រមូល​ផ្តុំ​ពលរដ្ឋទាំងឡាយគ្រប់និន្នាការឲ្យចូលមកបម្រើប្រជារាស្ត្រខ្មែរ។​ កិត្តិនាម​ដ៏​សម្បើម,​ ឋានៈជា​ទេវ​រាជា​ពីបូរាណមក, ការគោរព​ជា​ទី​សក្ការៈចំពោះព្រះអង្គ, សេចក្តីស្រឡាញ់ស្នេហាចំពោះ​ទ្រង់​, ទំនុក​​​ចិត្ត​ទៅ​លើ​ព្រះអង្គ និងការគាំទ្រពីប្រជារាស្ត្រ និងការចូលមករួបរួមជាមួយព្រះអង្គ​របស់​ក្រុម​កម្លាំង​នយោ​បាយ​នានានៅក្នុងចលនាសង្គមរាស្ត្រនិយម ទាំងអស់នេះបានធ្វើឲ្យព្រះអង្គមាន​អំណាច​គ្មានអ្នកណា​ប្រជែង​​បាន។
   
កម្លាំងប្រឆាំងដែលនៅសេស​សល់ខ្លះបន្តិចបន្តួចដូចជា ពួកខ្មែរសេរី​​ដែល​មាន​និន្នាការ​អាម៉េរិក័ង​ និងពួកកុម្មុយនីស្តខ្មែរក្រហម ជាកម្លាំងរាយ​ប៉ាយ​ដែលនៅប្រទេសជិតខាង ឬនៅ​លាក់​ខ្លួន​ពួន​អាត្មា​តែប៉ុណ្ណោះ និងមិនមែនជាការគំរាមកំហែងដល់ព្រះអង្គឡើយ។
   
ដោយមានព្រះតម្រិះឈ្វេង​យល់អំពីភូមិសាស្ត្រនយោបាយ, ការប្រកួតប្រជែងគ្នាក្នុងតំបន់ និង​នៅ​ក្នុងពិភពលោក ព្រះអង្គ​ក៏ប្រកាន់យកគោលនយោបាយអព្យាក្រឹតរវាងលោកសេរី និងលោក​កុម្មុយ​នីស្តដើម្បីការពារប្រទេស និងរក្សាការពារសន្តិភាព​សម្រាប់​ប្រជារាស្ត្ររបស់ព្រះអង្គ។
   
ក៏ប៉ុន្តែយ៉ាងហោច​ណាស់​ ក៏នៅក្នុងតំបន់ដែរ​ព្រះអង្គហាក់ដូចជាមានព្រះចក្ខុវិស័យថា ប្រទេស​ចិន​កម្មុយនិស្តនឹង​កាន់តែមានអំណាចខ្លាំងឡើងៗ មិនអាចនរណាយកឈ្នះបាន និងថា​កងកម្លាំង​កុម្មុយ​​នីស្ត​ នឹងបានឈ្នះ​ផង​ដែរនៅប្រទេសវៀតណាម ហើយប្រទេសវៀតណាមនេះ​នឹងទៅជា​ប្រទេស​​​កុម្មុយនីស្ត​រួបរួមគ្នា។ ព្រះអង្គក៏បានឆ្លៀតឱកាសយកប្រទេសទាំងពីរនេះ​ទប់ទល់​នឹង​សហរដ្ឋ​​អាម៉េរិក និង​ប្រទេសសម្ព័ន្ធមិត្តរបស់គេនៅជិតខាងប្រទេសកម្ពុជា ដែលតែងតែ​គំរាម​កំហែង​អំណាច និងប្រទេស​របស់ព្រះអង្គជានិច្ច​។ ព្រះអង្គក៏កាន់តែប្រឆាំងទល់នឹងប្រទេស​អាម៉េរិក​ខ្លាំង​ឡើងៗ​ទៅដែរ រហូតដល់​ទៅបដិសេធមិនទទួលជំនួយពីប្រទេសអាម៉េរិក​ និងផ្តាច់ចំណងទូតជាមួយ​ប្រទេសនេះទៀត​ផង។ ជា​ទីបំផុតព្រះអង្គក៏បានទទួលស្គាល់កងកម្លាំងកម្មុយនីស្តវៀតណាមជាផ្លូវការ ជា​តំណាង​ប្រទេស​​វៀតណាមខាងត្បូង ហើយក៏បានអនុញ្ញាតឲ្យកងកម្លាំងទាំងនោះ​ប្រើប្រាស់​ទឹកដី​របស់ប្រទេស​កម្ពុជា។
   
គោលនយោបាយអព្យាក្រឹត​​​តែ​លំអៀងនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង​ទៅ​លើ​គោល​នយោបាយ​​ក្នុង​ប្រទេសរបស់ព្រះអង្គ។ ព្រះអង្គតែងគិតដល់សុភមង្គលរបស់ប្រជារាស្ត្រ​តូចតាច​របស់​ព្រះអង្គ​ជានិច្ច ហើយតែងតែបានបង្កើតឱកាសនានាដើម្បីជួបជាមួយប្រជារាស្ត្រទាំងនោះ ដូចជា​នៅ​ពេល​សាង​សង់​សមិទ្ធផលសង្គម​កិច្ច ឬ​សេដ្ឋកិច្ច​ក្តី ឬក្នុងពិធីផ្សេងៗក្តី។ ព្រះអង្គតែងតែបាន​ចលនា​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​​​ចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍​ប្រទេស។ ព្រះអង្គបានសង្កត់ខ្លាំងទៅលើ​វិស័អប់រំ និង​សុខាភិបាល។ ព្រះអង្គបានជោគជ័យក្នុងការ​ចលនាប្រជារាស្ត្ររបស់ព្រះអង្គឲ្យចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុងការកសាង​អគារសិក្សាជាច្រើន។ ទន្ទឹមគ្នានេះដែរ ព្រះអង្គក៏បាន​សាងសង់ជា​បន្ត​បន្ទាប់​នូវមន្ទីរពេទ្យ, គិលានុបដ្ឋាន​ និងមជ្ឈមណ្ឌលសុខភាពនានា។
   
ក្នុងវិស័យសេដ្ឋ​កិច្ច ព្រះអង្គបានយកគំនិតជួយខ្លួនឯង ក្រោមពាក្យស្លោក “ប្រទេស​កម្ពុជា​ជួយ​ខ្លួនឯង” (“Le Cambodge s’aide lui-même”)។ ព្រះអង្គបានឲ្យអាទិភាពដល់វិស័យ​កសិកម្ម​ដែល​ជា​មូល​​ដ្ឋាននៃជីភាពរស់នៅរបស់​ប្រជា​រាស្រ្តចំនួនពី៨០ ទៅ៩០ភាគរយ ដោយព្រះអង្គយក​គោល​នយោ​បាយ​ទឹកជាមូលដ្ឋាន។ ជាបន្ត​មក ព្រះអង្គក៏អនុវត្ត​នូវគោលនយោបាយអភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម ដោយមធ្យោបាយផ្ទាល់របស់​ប្រទេស និងជំនួយ​បរទេស ជាពិសេសជំនូយពីប្រទេស​កុម្មុយនីស្ត ដោយ​បានបង្កើតសហគ្រាសរដ្ឋ ដែលរួមមានទាំង​រោងចក្រ​ចម្រាញ់ប្រេងកាតផង។ នៅពេលនោះប្រទេស​កម្ពុជា​បានផលិត​ផលិតផល​មួយចំនួនបាន​ដើម្បីជំនួស​ផលិតផលនាំចូល។​ ទន្ទឹមនឹងវិស័យពីរនេះ ព្រះ​អង្គក៏បានកសាងហេដ្ឋា​រចនា​សម្ព័ន្ធថ្មីៗ​ជាច្រើន ដូចជាផ្លូវថ្នល់, ស្ពាន, ផ្លូវដែក និងទំនប់វារី​អគ្គិសនី​ជា​ដើម​។ល។
   
ដោយមានការជំរុញ​ពីចំណោមអ្នកដឹកនាំដែលមាននិន្នាការនយោបាយឆ្វេង​ ព្រះមហា​វីរ​ក្សត្រ​បានរំដោះសេដ្ឋកិច្ចពីការក្តោបក្តាប់របស់ពាណិជ្ជករចិន, របស់ភ្នាក់ងារពាណិជ្ជកម្មក្នុងស្រុករបស់​អ្នក​ជំនួញ​បរទេស (compradore) និងរបស់អ្នកសក្តិភូមិក្នុងប្រទេស។ នៅដើមទសវត្ស ១៩៦០ ព្រះអង្គ បានធ្វើ​ជាតូបនីយកម្ម(6)ពាណិជ្ជកម្មក្រៅប្រទេស, ពាណិជ្ជកម្មលក់ដុំផលិតផលនាំចូល, ផ្នែកធនាគារ និងធានា​រ៉ាប់រង ដោយបានបង្កើតក្រុមហ៊ុនជាតិនានាដើម្បីគ្រប់គ្រង។ នៅពេលពេលនោះរដ្ឋបាន​គ្រប់​គ្រង​​ផ្នែក​ឧស្សាហកម្ម និងពាណិជ្ជកម្មសឹងតែទាំងអស់ ហើយ​ផ្នែកឯកជនពុំមានការអភិវឌ្ឍទេ។

ទោះជាមានការខំប្រឹងប្រែងរបស់ព្រះអង្គបែបនេះក៏ដោយ ក៏ដល់ចុងទសវត្ស​ ១៩៦០ សេដ្ឋកិច្ច​​ខ្មែរមិនបាន​ចម្រើនលូតលាស់ច្រើនទេ។ ការគ្រប់គ្រងសេដ្ឋកិច្ចតាមរយៈសហគ្រាសរដ្ឋ និងក្រុមហ៊ុន​ជាតិ​​បាន​ទទួលលទ្ធផលកាន់តែអវិជ្ជមានទៅៗ។ រោងចក្ររដ្ឋខ្លះខាតដែលទាមទារ​ឲ្យ​មាន​ជំនួយ​ឧបត្ថម្ភ​​​ពី​ថវិកាជាតិ នៅពេលដែលចំណូលនៃថវិកានេះមិនបានកើនច្រើន និងនៅ​ពេលដែលចំណាយ​នៃ​ថវិកានេះចេះតែកើនមិនចេះឈប់ដើម្បីទ្រទ្រង់ការផ្តល់សេវាសាធារណៈ​ដែល​មានទំហំកាន់តែ​​ធំ​ទៅៗ​។ ដោយសារតែឱនភាពថវិកាជាបន្ត ហិរញ្ញវត្ថុរបស់រដ្ឋបានស្ថិត​នៅក្នុង​ស្ថានភាព​​​​អស់សង្ឃឹម​មួយ។ នៅពេលនោះអំពើពុករលួយក៏មានកាន់តែច្រើនឡើង ដែលវាទៅ​ស៊ីរូង​បំផ្លាញ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ។ មនុស្ស​អត់ការងារធ្វើ​ជាពិសេសក្នុងចំណោមយុវជន “បញ្ញាវន្តពាក់​កណ្តាល”(7)  ក្រោយពីបាន​រៀន​សូត្រចប់ហើយ មាន​ចំនួនកាន់តែច្រើនឡើងៗ។ គន្លាតរវាងអ្នកក្រុង និងអ្នកជនបទក៏កាន់ធំទៅៗ។ ពួក​ខ្មែរក្រហម​បាន​ចាប់ផ្តើមការតស៊ូប្រដាប់អាវុធរបស់ពួកគេ​នៅ​តំបន់ដាច់ស្រយាល។ រដ្ឋាភិបាល​លែង​​ត្រួតត្រាបានតំបន់​ព្រំដែន ដែលកាន់កាប់ដោយកងកម្លាំង​វៀតណាមកុម្មុយនីស្ត ។ អាម៉េរិក័ង​ ​បាន​ទម្លាក់​គ្រាប់បែក​លើតំបន់ទាំងនោះ តែប្រជារាស្ត្រខ្មែរក៏បាន​រងគ្រោះដែរ។
   
អ្នកទាំងឡាយក្នុងស្រទាប់ថ្នាក់ដឹកនាំប្រទេស បានចាប់ផ្តើមមានការមន្ទិលសង្ស័យថា ព្រះ​មហា​វីរក្សត្រនៅមានព្រះរាជតម្រិះអាចដោះស្រាយបញ្ហាធ្ងន់ធ្ងរទាំងនោះបាន ហើយព្រះអង្គក៏​ប្រហែល​​​ជាទទួលស្គាល់នូវកម្រិតនៃព្រះរាជតម្រិះរបស់ព្រះអង្គដែរ នៅពេលដែលព្រះអង្គបង្កើត ​រដ្ឋាភិបាល “ស្រោចស្រង់ជាតិ” (un gouvernement de “sauvetage”) ដែលមាន​ឧត្តមសេនីយ៍ លន់​ នល់​ ជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៦៩ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។​
   
នៅដើមឆ្នាំ១៩៧០ អ្នកដឹកនាំខ្មែរមានការបែកបាក់គ្នា ហើយដោយមានការគាំទ្រពីសភា រដ្ឋាភិបាលក៏ទម្លាក់ព្រះមហាវីរក្សត្រពីតំណែងព្រះប្រមុខរដ្ឋ នៅពេលដែលព្រះអង្គគង់ប្រថាប់នៅ ក្រៅប្រទេស។ សង្គ្រាមវៀតណាមក៏រាលដាលឆាបឆេះប្រទេសកម្ពុជា។ អ្នកដឹកនាំប្រទេស​ទាំងនោះ​បាន​នាំគ្នាភ្លេចថា ទោះជាគោលនយោបាយរបស់ព្រះអង្គមានការថ្លោះធ្លោយក៏ដោយ ក៏ព្រះមហា​វីរ​ក្សត្រ​បានទទួល​ជោគជ័យក្នុងការកសាងឯកភាពជាតិ, សន្តិសុខ, សន្តិភាព, ឯករាជ្យ និងបូរណភាព​ទឹកដី​របស់​ប្រទេស និងបានប្រែក្លាយប្រទេសរបស់ព្រះអង្គឲ្យទៅជា “កោះសន្តិភាព” នៅជិតសង្គ្រាម​នៅ​ប្រទេស​វៀតណាមដែរ។ ទំនាក់ទំនងជា​លក្ខណៈ​ឪពុក- កូន រវាងព្រះអង្គ និងប្រជារាស្ត្រ​របស់​ព្រះអង្គ​ គឺ នៅ​តែ​​ដដែល​ឥតមានខូចខាត។​ ចំពោះប្រជារាស្ត្រតូចតាច ព្រះអង្គជាស្ថាបនិកប្រទេស ជាតួអង្គ​អវតារ (incarnation) នៃ​ប្រជាជាតិ និង​ជាមនុស្សទេវៈ (demi-dieu) ។ ការទម្លាក់ព្រះអង្គ និង​សង្គ្រាមដែល​លេច​ចេញពីការទម្លាក់​ព្រះអង្គនេះ បានធ្វើឲ្យប្រជារាស្ត្រ​មានកំហឹងយ៉ាងខ្លាំង។
   
ចិន, វៀតណាម និងខ្មែរក្រហម គេយល់ដឹងអំពីតួអង្គព្រះអង្គចំពោះប្រជារាស្រ្តជាង​។ ពួកគេ​បានគាំទ្រព្រះអង្គ បានរៀបចំឲ្យព្រះអង្គចូលជាសម្ព័ន្ធមិត្តជាមួយពួកគេ ហើយបានប្រើប្រាស់​ព្រះនាម​ព្រះអង្គយ៉ាងអស់ទំហឹងដើម្បីទាក់ទាញការគាំទ្រពីប្រជារាស្ត្ររបស់ព្រះអង្គ និងពីអ្នកទាំងឡាយ​ឯ​ទៀត ក្នុងការតស៊ូរបស់ពួកគេប្រឆាំងនឹងចក្រពត្ដិ​អាម៉េរិក័ង​ និង លន់ នល់​ ដែលជា​បរិវារ​របស់​អាម៉េរិក័ង​នេះ។ ដោយសារព្រះមហាវីរក្សត្រ ពួកខ្មែរក្រហមជាទីបំផុតបានទទួល​ជ័យជម្នះ​​នៅឆ្នាំ​១៩៧៥។
   
ក៏ប៉ុន្តែ​ដូចជាពួកនិយម លន់ នល់​ ដែរ​ពួកខ្មែរក្រមបានប្រព្រឹត្តកំហុសនាំឲ្យស្លាប់ខ្លួនមួយ នៅ​ពេលដែលពួកគេប្រញាប់ប្រញាល់ដាក់ឲ្យព្រះអង្គនៅមួយកន្លែងជា “អ្នកទោស” ដើម្បីធ្វើ​បដិវត្ត​កុម្មុនីស្តរបស់ពួកគេ។​ ពួកគេបានបាត់នូវចំណងឯកភាពដ៏មហិមានេះ និង​ការគាំទ្រទាំងអស់​ពីប្រជា​រាស្ត្រ។ ពួកគេនេះត្រូវបានកងទ័ពវៀតណាមបណ្ដញចេញពីអំណាច​យ៉ាងងាយស្រួល​ណាស់​ក្នុង​ឆ្នាំ១៩៧៩។
   
   ....Continue below....
« Last Edit: March 20, 2013, 12:46:01 PM by cancambodia »
បណ្តាញបញ្ញវន្តខ្មែរ

cancambodia

  • Administrator
  • Newbie
  • *****
  • Posts: 22
  • Karma: +1/-0
  • CAN
    • Cambodia Academic Network បណ្តាញបញ្ញវន្តខ្មែរ
Continue....

ព្រះមហាវីរក្សត្រនរោត្តម សីហនុ ជាស្ថាបនិក និងតួអង្គអវតារនៃប្រជាជាតិខ្មែរ(1)
Le Roi-Père : le bâtisseur et l’incarnation d’une nation(2)
ដោយ​បណ្ឌិត​ ឡៅ ម៉ុងហៃ

   
   ជាភ័ព្វ​សំណាងល្អហើយដែលព្រះមហាវីរក្សត្រនៅរស់រានមានជីវិត។ ពួកខ្មែរក្រហម​ខ្លួនឯង​នេះ និងអ្នកឯទៀតត្រូវការព្រះអង្គជាថ្មីម្តងទៀត ដើម្បីដឹកនាំសម្ព័ន្ធភាពតស៊ូប្រឆាំងនឹងលទ្ធិកម្មុយនីស្ត និងកងកម្លាំងដែលកាន់កាប់ប្រទេសកម្ពុជា ហើយនិងទាក់ទាញការគាំទ្រពីអន្តរជាតិ។ ជាថ្មីម្តងទៀត ដោយសារព្រះអង្គ កងកម្លាំងកាន់កាប់ទាំងនោះត្រូវបង្ខំខ្លួនដកថយទៅវិញ។​
   
នៅពេលដែលជម្លោះនៅក្នុងពិភពលោក និងនៅក្នុងតំបន់ ដែលមានសង្គ្រាមនៅក្នុង​​ប្រទេស​​​​ កម្ពុជាជាមែកធាងមួយ (សង្គ្រាមត្រជាក់, ជម្លោះរវាងចិន និង​សហភាពសូវៀត និងជម្លោះរវាង​វៀតណាម និងចិន) កំពុងតែឈានដល់ទី​បញ្ចប់​ម្តងមួយៗ សង្គ្រាមនៅប្រទេសកម្ពុជាក៏ត្រូវបញ្ចប់​ដែរ ។ នៅពេលនោះអ្នកផ្សះផ្សាអន្តរជាតិ និងភាគីធ្វើសង្គ្រាមខ្មែរ ក៏បានឲ្យតម្លៃ និងការគោរពជាថ្មី​ដល់​តួអង្គស្នូលសម្រាប់ការបង្រួមបង្រួមជាតិ និងឯកភាពជាតិថ្វាយដល់អង្គព្រះមហាវីរក្សត្រ ហើយ​ក៏​បាន​យាងព្រះអង្គជាព្រះអធិបតី​នៃឧត្តមក្រុមប្រឹក្សាជាតិ (Conseil national suprême) ដែលតំណាង ប្រទេស​កម្ពុជាក្នុង​អំឡុង​ពេលនៃដំណើរការសន្តិភាព និង​ការគ្រប់គ្រងប្រទេសកម្ពុជាដោយអង្គការ សហប្រជាជាតិ​នៅក្នុងឆ្នាំ​១៩៩១ - ១៩៩៣។
   
ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់​អ៊ុនតាក់ (UNTAC) ពួកខ្មែរក្រហមលែងស្តាប់​ព្រះមហា​វីរក្សត្រ​ជាថ្មី​ទៀត នៅពេលដែលពួកនេះជ្រើសរើសយកការតស៊ូប្រដាប់អាវុធរបស់ពួកគេជាបន្តទៅ​ទៀត។ ដោយ​ឥតមានការគាំទ្រពីប្រជារាស្ត្រដែលពួកខ្លួនធ្លាប់ទទួលបានតាមរយៈព្រះមហាវីរក្សត្រ​ក្នុង​អតីតកាលនោះ ការតស៊ូនោះបាននាំមកឲ្យពួកគេតែនូវក្តីវិនាសអន្តរាយសូន្យសុង​នៅ​ទី​ចុងបញ្ចប់​​តែ​ប៉ុណ្ណោះ​។​
   
តួអង្គរបស់ព្រះមហាវីរក្សត្រនៅតែមានសារៈសំខាន់ដដែលចំពោះប្រជារាស្ត្រ ហើយបាន​ជួយ​គណបក្សហ៊្វុន​ស៊ិនប៉ិច (FUNCINPEC) ដែលព្រះអង្គបានបង្កើត ដើម្បីតស៊ូប្រឆាំងនឹងកងកម្លាំង​វៀតណាម និង​ដែលព្រះអង្គបានទុកឲ្យព្រះរាជបុត្ររបស់លោក គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដឹកនាំនោះ ឲ្យ​បានឈ្នះឆ្នោតនៅឆ្នាំ១៩៩៣ នៅពេលដែលគណបក្សប្រជាជនត្រួតត្រាប្រទេស​បាន​៨០ ទៅ ៩០​ភាគរយទៅហើយនោះ។
   
ការសោយ​ទិវង្គតរបស់ព្រះមហាវីរក្សត្រមិនមែនមានន័យថា តួអង្គប្រវត្តិសាស្រ្តនេះ​ដែល​ជា​ស្ថាបនិក និងតួអង្គអវតារនៃប្រជាតិខ្មែរអង្គនេះ ត្រូវមកដល់ទីបញ្ចប់​រនោះ​ទាល់តែសោះឡើយ។ ប្រទេស​កម្ពុជា គឺ​ព្រះមហា​វីរក្សត្រនរោត្តម សីហនុ ទោះជាព្រះអង្គនៅរស់ក្តី ឬសោយ​ទិវង្គតក្តី។
 
ព្រះមហាវីរក្សត្រជាតួអង្គមួយ​រូប​ក្នុងរឿងល្ខោនសោកនាដកម្មខ្មែរ។​ មរតករបស់ព្រះអង្គ​មិន​សុទ្ធតែយសសក្តិរុងរឿង (gloire) ការសប្បាយ​ត្រេកត្រអាល (joie) និងក្តីសង្ឃឹម (espoir) ទាំងអស់ នោះទេ តែក៏វាមាន​ការសោកស្តាយ (regret) និងសេចក្តីទុក្ខវេទនា (souffrance) ជាច្រើនផង​ដែរ។
   
នៅក្នុងបទបង្ហាញមួយមានចំណងជើងថា “អ្វីទៅដែលហៅថាប្រជាជាតិ?” (Qu’est-ce qu’une nation?)(8 ) ដែលលោកបាន​ធ្វើនៅសកលវិទ្យាល័យ ស៊របោន (Sorbonne) នៅឆ្នាំ ១៨៨២ ទស្សនវិទូ សញ្ជាតិបារាំងឈ្មោះ អ៊ើរណេសត៍ រ៉ឹណង់ (Ernest Renan) បាន​មានប្រសាសន៍ថា មរតកនេះ “មាន​តម្លៃជាងពន្ធគយដូចៗគ្នា(9) និងព្រំដែនដែលកំណត់ស្របទៅនឹង​គំនិត​យុទ្ធសាស្រ្តទាំងឡាយ” (tout cet héritage “vaut mieux que des douanes communes et des frontières conformes aux idées stratégiques”(10) ដើម្បី​បង្រួបបង្រួមប្រជាជាតិមួយឲ្យ​មានឯកភាព​ជាតិ​។ ចំពោះ​ទស្ស​ន​វិទូ រ៉ឺណង់ នេះ “សេចក្តី​ទុក្ខវេទនារួមជាមួយគ្នា វាបង្រួបបង្រួមឲ្យ​មានឯកភាពជាងការសប្បាយ​ត្រេកត្រអាល​ទៅ​ទៀត។ តាមពិត ក្នុងចំណោម​អនុស្សាវរីយនានារបស់ប្រជាជាតិ ការកាន់ទុក្ខទាំងឡាយ មានតម្លៃ​ជាងជោគជ័យ​នានាទៅទៀតព្រោះថា ​ការកាន់ទុក្ខទាំងនេះ វាបង្ខំឲ្យមានការបំពេញកាត្វកិច្ច ហើយ​វាបញ្ជា​ឲ្យមាន​ការខំប្រឹងប្រែង​រួមជាមួយគ្នា។” (“la souffrance en commun unit plus que la joie. En fait de souvenirs nationaux, les deuils valent mieux que les triomphes, car ils imposent des devoirs, ils commandent l’effort en commun.”(11))
   
ប្រជាជាតិខ្មែរត្រូវតែកត់ត្រាទុកនូវការសង្កេតរបស់ទស្សន​វិទូនេះ ត្រូវរៀនសិល្បៈ​នៃ​ការ​ដឹកនាំ​ប្រទេស​ពីព្រះមហាវីរក្សត្រ ហើយត្រូវខំប្រឹងប្រែងរួមជាមួយគ្នា ដើម្បីពង្រឹងឯករាជ្យ, បូរណភាព​ទឹកដី និង​ឯកភាពជាតិ ដែលព្រះអង្គបានទុកជាមរតកឲ្យខ្លួន៕

References:
1.  ច្បាប់ដើមជាភាសាបារាំង គឺ “Le Roi-Père: le bâtisseur et l’incarnation d’une nation”, បោះពុម្ពផ្សាយ​ក្នុង​ទស្សនាវដ្ដី​ Cambodge nouveau, លេខ ៣១៣ ខែវិច្ឆិកា ឆ្នាំ២០១២, ទំព័រ ៤ និង៥
2.  The King-Father : Builder and Incarnation of a Nation
3.  ហៅតាមឈ្មោះជាភាសាបារាំង Eschyle, Euripide និង Sophocle ។​ ជាភាសាអង់គ្លេស គឺ Aeschylus (c.525/524 BC - 456/455 BC), Euripides (c. 480 - 406 BC), និង Sophocles (c. 497/496 BC - 406/405 BC).
4.  សូមអរគុណឯកឧត្តម សឺន ស៊ូប៊ែរត៍ ដែល​បានកែតម្រូវថា តួអង្គក្នុងរឿងល្ខោន​សោកនាដកម្ម​ក្រិក​​ខ្លះ​​ជាតួអង្គ​ជាក់ស្តែងក្នុង ប្រវត្តិសាស្រ្ត ក្រិក​។
5.  ក្រោយបាក់បែកអង្គរមក ប្រទេសកម្ពុជាបានទៅជារណបប្រទេសសៀម ឬប្រទេសអណ្ណាម ឬប្រទេស​ទាំង​ពីរ​នេះ។
6.  ការធ្វើជាតិឲ្យទៅជាម្ចាស់កម្មសិទ្ធិ
7.  Semi-intellectuel គឺអ្នកចេះដឹងតែទ្រឹស្តី ប៉ុន្តែអត់ចេះធ្វើអ្វីកើតក្នុងការប្រតិបត្តិជាក់ស្តែង
8.  Qu’est-ce qu’une nation?, http://classiques.uqac.ca/classiques/renan_ernest/ qu_est_ce_une_nation/ qu_est_ce_une_nation.html; What is a nation?, http://www.tamilnation.org/selfdetermination/nation/renan.htm
9.  ពីដើម​នៅទ្វីបអឺរ៉ុប មានប្រទេសខ្លះមានតំបន់តូចធំដាច់ៗពីគ្នា ដែលយកពន្ធគយលើទំនិញ​ដែលឆ្លងកាត់​ព្រំដែន​រៀងៗខ្លួន។​ ក្រោយមកគេលប់ពន្ធគយនេះចោលដើម្បីឲ្យមានឯកភាពជាតិ។
10.  “More valuable by far than common customs posts and frontiers conforming to strategic ideas is the fact of sharing, in the past, a glorious heritage and regrets, and of having, in the future, [a shared] programme to put into effect, or the fact of having suffered, enjoyed, and hoped together.”
11.  “Where national memories are concerned, griefs are of more value than triumphs, for they impose duties, and require a common effort.”
បណ្តាញបញ្ញវន្តខ្មែរ